SHARE

ដើម្បីពង្រឹងសមត្ថភាពកីឡាករជិះសេះកម្ពុជា ឆ្ពោះទៅដណ្តើមអោយបានមេដាយប្រាក់ ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅឆ្នាំ២០១៩ នាពេលខាងមុខនេះ សហព័ន្ធកីឡាជិះសេះកម្ពុជា មានគម្រោងបញ្ជូនកីឡាករ ចូលរួមព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនទៀត ប៉ុន្តែសហព័ន្ធមិនទាន់មានលទ្ធភាពក្នុងការទិញយកសេះល្អៗនៅឡើយទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងពិធីបង្ហាញវត្តមានកីឡាករជិះសេះកម្ពុជា ដែលបានឈ្នះ មេដាយសំរិទ្ធវិញ្ញាសាប្រកួតជាក្រុម៦នាក់ (Endurance រត់ចម្ងាយ៨០គីឡូម៉ែត្រ) ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាស៊ី  លោក ស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកីឡាជិះសេះកម្ពុជា បានមានប្រសាសន៍ថា “កីឡាករជិះសេះកម្ពុជានាពេលបច្ចុប្បន្ននេះ មានសមត្ថភាពអាចប្រជែងដណ្តើមបានមេដាយ ប៉ុន្តែសហព័ន្ធមិន មានលទ្ធភាពទិញសេះល្អៗ និងនាំយកសេះទៅកន្លែងប្រកួត ដើម្បីឲ្យកីឡាករជិះប្រកួតដូចប្រទេស គេដ៏ទៃទៀតឡើយ ពោលសហព័ន្ធមានលទ្ធភាពត្រឹមជូលសេះប្រទេសម្ចាស់ផ្ទះអោយកីឡាករជិះប្រកួតតែប៉ុណ្ណោះ។

ប៉ុន្តែទោះបែបនោះក្តីវាក៏ជាចំណុចល្អមួយដែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ ព្រោះកីឡាករកម្ពុជាយើង ត្រូវហាត់សម ជាមួយសេះប្រទេសម្ចាស់ផ្ទះ ដែលយើងពុំធ្លាប់ស្គាល់ពីមុនមក ដែលធ្វើអោយយើងកាន់តែមានសមត្ថភាពបច្ចេកទេសកើនឡើង ក្នុងការបញ្ជាសេះពេលប្រកួត។  ហើយលោកស្រីប្រធានសហព័ន្ធ ជឿដាក់ថា នៅព្រឹត្តិកាណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនោះ ហព័ន្ធអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញយកសេះល្អៗឲ្យកីឡាករកម្ពុជា បានហ្វឹកហាត់ជាមួយសេះខ្លួនឯង ដើម្បីប្រជែងដណ្តើមយកមេដាយមាសជូនប្រទេសជាតិ។

សូមរំលឹកផងដែរថា កីឡាករជិះសេះកម្ពុជា៦នាក់ រួមមាន កីឡាករ លី សុវណ្ណចាន់តារា, លុន សុភត្រា, ផៃ វិសាល,  ម៉ឹង សុជា,  ស៊ី ណារិទ្ធ, និងកីឡាករ ហ៊ុយ សុផារិទ្ធ បានឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការស៊ីហ្គេម២០១៧ លើកទី២៩  កាលពីខែសីហា កន្លងទៅនេះ ដោយប្រកួតលើវិញ្ញាសាប្រកួតជាក្រុម៦នាក់ ជិះចម្ងាយ៨០គីឡូម៉ែត្រ ខណៈដែរម្ចាស់ផ្ទះម៉ាឡេស៊ីដណ្តើម បានមេដាយមាស  ថៃ មេដាយប្រាក់៕

ដោយ៖ គ្រុឌធំ