SHARE

កូរ៉េ​ខាង​ត្បូង៖ មន្ត្រី​កូរ៉េខាងត្បូង ​និង​ជប៉ុន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​រំលង​កោះ​ហុក​កៃ​ដូ​ ភាគ​ខាងជើង​របស់​ប្រទេស​ជប៉ុនចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​កើន​ឡើង​ថែមទៀត ​បន្ទាប់ពី​ការ​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​មួយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ទីក្រុង​ព្យុងយ៉ាង​។

​​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ធ្វើ​ឡើង​ភ្លាមៗ​ថា មី​ស៊ី​ល​នេះ​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន​ និង​បាន​ធ្លាក់​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ប្រមាណ 2,000kilometres ភាគ​ខាងកើត​កោះ​ហុក​កៃ​ដូ​។​ យោង​តាម​យោធា​របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា ​មី​ស៊ី​ល​ដែល​គេ​មិន​ស្គាល់​ប្រភេទ​បាន​ហោះ​ក្នុង​រយៈកម្ពស់​ប្រហែល ៧៧០​គីឡូម៉ែត្រ​ និង​បាន​ហោះ​ក្នុង​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ ​​ដែល​ចម្ងាយ​នេះ​ល្មម​អាច​ហោះ​ដល់​ដែនដី​កោះ ​Guam របស់​សហរដ្ឋអាមេរិក​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​។

​គួរ​រម្លឹក​ថា កាលពី​ខែ​មុន​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់ ​ចេញពី​តំបន់​ស្រដៀង​គ្នា​នេះ​នៅ​ជិត​រដ្ឋធានី ព្យុងយ៉ាង ដែល​បាន​ហោះ​រំលង​លើ​កោះ​ហុក​កៃ​ដូ​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​នេះ​ដូច​គ្នា​ផង​ដែរ​៕