SHARE

បាល់ទាត់​៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លីហ្គ​កំពូល​កម្ពុជា ​បាន​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ ​១៦​សប្ដាហ៍​ហើយ​ បើគិត​ត្រឹម​ចុង​សប្ដាហ៍​ទី​២ ​នា​ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះ​ ដោយ​មាន​ក្រុម​ខ្លាំង​ៗ​ចំនួន​ ៤​ក្រុម​បាន​នឹង​កំពុង​ឈរ​កំពូល​តារាង​ Top-4​ គឺមាន​ក្រុម​ព្រះខ័ន​រាជស្វាយរៀង,​ ណាហ្គាវើល,​ ភ្នំពេញ​ក្រោន​ និង​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​បឹង​កេត​អែហ្វ​ស៊ី ​គ្រា​ដែល​ក្រុម​ខ្លាំង​ក្រសួង​ការពារជាតិ ​បាន​ធ្លាក់​ពី​លេខ​៣ ​មក​ឈរ​លេខ​រៀង​ទី​៦ ​ ជា​បណ្ដោះ​អាសន្ន​ មុន​នឹង​លីហ្គ​សម្រាក​ការ​ប្រកួត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​សប្ដាហ៍​នេះ​ ។

សម្រាប់​លទ្ធផល​ប្រកួត​ចុង​ក្រោយ​របស់​ ៤ក្រុម​កំពូល​តារាង​ខាង​លើ ​គឺ​សុទ្ធ​តែ​ទទួល​បាន​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​ ក្នុង​នោះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​បន្ថែម ​៣ពិន្ទុ​ពង្រឹង​កៅ​អី​កំពូល​តារាង​កាន់​តែ​រឹងមាំ​ ក្រោយ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់​សុខសែនជ័យ ​ដោយ​លទ្ធផល ​២-០ ​ដែល​ធ្វើ​ឲ្យ ​១៦ប្រ​កួត​របស់​ក្រុម​លោក ​សំ វ៉ាន់​ដេត ​ឈ្នះ ​១១ ​ស្មើ​៤​ និង​ចាញ់​១ ​មាន​ ៣៧​ពិន្ទុ ហើយ​តាម​ពី​ក្រោយ​ដោយ​ក្រុម​ណាហ្គាវើល ​ដែល​មាន​ ៣២​ពិន្ទុ​ក្នុង​ដៃ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ​៣-០ ​ធ្វើ​ឲ្យ​ ១៦​ប្រកួត​របស់​ខ្លួន​ឈ្នះ​៩ ​ស្មើ៥​ និង​ចាញ់ ​២ ​។

ចំណែក​អតីត​ក្រុម​ជើង​ឯក ​៦​ជំនាន់​ភ្នំពេញ​ក្រោន​ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ​ដោយ​លទ្ធផល ​៤-២​  លើទឹក​ដី​របស់​ខ្លួន​ ។ ​នេះ​គឺ​ជ័យ​ជម្នះ​លើក​ទី៩​ ក្នុង​ចំណោម​ ១៦​ប្រកួត​ដូចគ្នា ​ហើយស្មើ​៤ ​និង​ចាញ់​ ៣​ គឺ​រក​បាន​ ៣១​ពិន្ទុ ​ខណៈ​ក្រុម​បឹង​កេត ​បាន​រំកិល​ខ្លួន​ចូល​ក្នុង​ប្រអប់​កំពូល​តារាង​ជា​ថ្មី ​បន្ទាប់​ពី​លត់​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​ ក្រៅ​ដី​ដោយ​លទ្ធផល ​៣-១ ​ដែល​ជ័យ​ជម្នះ​នេះ ​បាន​ធ្វើឲ្យ​បឹងកេត​មាន​ ៣០ពិន្ទុ​ក្នុង​ដៃ​ ជាមួយ​លទ្ធផល​ឈ្នះ៩​ ​ស្មើ៣​ និង​ចាញ់៤​ តែបាន​ធ្វើ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ ​របូត​កៅ​អី ​Top-4​ ហើយ​ធ្លាក់​ទៅ​លេខ​៦ ​ដោយ​រក្សា ​២៧​ពិន្ទុ​ដដែល​ ។

សូម​បញ្ជាក់ថា​ ក្រោយ​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍ទី​១៦​ លីហ្គ​កំពូល​កម្ពុជា​ នឹង​សម្រាក​បណ្ដោះ​អាសន្ន​រយៈ​ពេល​ ៣​សប្ដាហ៍​ ពោល​គឺ​ចាប់​ផ្ដើម​ប្រកួត​ជាថ្មី ​នៅថ្ងៃ​ទី​១៤ ​ខែ​តុលា​ខាងមុខ​ ដោយសារ​ការ​ត្រូវ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​បន្ទាប់​មក​លោក​ Leonardo Vitorino នឹង​ធ្វើ​ការ​កោះ​ហៅ​ក្រុម​ជម្រើស​ជាតិ​ ធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ត្រៀម​ជួប​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​វិញ​ម្ដង​ នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ ​AFC Asian Cup 2019 នៅថ្ងៃទី​១០ ​ខែ​តុលា​ ឆ្នាំ​២០១៧​ខាង​មុខ​ ​៕