SHARE

ភ្នំពេញ ៖ ​​រដ្ឋាភិបាល ​នៃ​ប្រទេស​បារាំង ​បាន​បញ្ជូន​សាស្ត្រាចារ្យ​ ដើម្បី​ធ្វើការ​បង្រៀន​ភាសា​បារាំង ដល់​កង​កំលាំង​ទ័ព​មួក​ខៀវ ​ដើម្បី​ត្រៀម​បញ្ជូន​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ ក្នុងចំណោម​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​ថ្លែង​បញ្ជាក់​ប្រាប់BTV ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ នេះ​ថា​ មកដល់ពេលនេះ រដ្ឋាភិបាល​បារាំង ​បាន​ឯកភាព​បញ្ជូន​គ្រូ​យោធា​ចារ្យ​បារាំង​បន្ថែម​មក​កម្ពុជា ​ដើម្បី​បង្រៀន​ភាសា​បារាំង​ត្រៀម​ចេញ ​បំពេញ​បេសកកម្ម​ រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ នៅក្នុង​ចំណោម​កង​កំលាំង​ទ័ព​មួក​ខៀវ​ដែល​និយាយ​ភាសា​បារាំង​ ពិសេស​កង​កំលាំង​នៅក្នុង​សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល​។

 

ឯកឧត្តម សែម សុវណ្ណនី បន្តថា វគ្គ​ហ្វឹកហ្វឺន​ភាសា​បារាំង​លើក​នេះ​ គឺ​ក្រសួងការពារជាតិ​បារាំង​ក៏បាន​ ចូលរួម​ជួយ​ពង្រឹង​សមត្ថភាព​កង​យោធពល​ខេមរភូមិន្ទ ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​”​។ ​ជាមួយគ្នា​កម្ពុជា​ក៏​មាន​ត្រៀម​បញ្ជូន​កម្លាំង​ ផ្នែក​វិស្វកម្ម​ប្តូរ​វេន ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​

​លោក​វរសេនីយ៍ឯក គ្រីស្តូហ្វ័ តា​ឡុង អនុព័ន្ធយោធា​ប្រចាំ​ស្ថានទូត​បារាំង ​ក៏បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​បារាំង ​គឺ​បាន​បញ្ជូន គ្រូ​ភាសារ​បារាំង ​មកនេះ​ គឺ​ចូលរួម​ពង្រឹង​សមត្ថភាព ​ភាសារ​បារាំង ទៅ​មន្ត្រី​របស់​មជ្ឈមណ្ឌល​ជាតិ និង​កម្លាំង​មួក​ខៀវ​ទាំងអស់​ អោយ​បាន​យល់ដឹង​ពី​ភាសារ​ ដើម្បី​បង្ករ​ភាព​ងាយស្រួល ​នៅពេល​ទៅ​បំពេញបេសកកម្ម​ក្នុង​ប្រទេស​តំបន់​អាហ្វ្រិក ដូចជា​នៅ​អាហ្វ្រិក​កណ្តាល ​ម៉ាលី ស៊ូដង់​ជាដើម​។

 

លោក​ បាន​បន្ត​ដែរ​ថា ​ទន្ទឹមនឹងនេះ ​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង ក៏​គ្រោង​ជួយ​សាងសង់​អគារសិក្សា​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ ​នា​ខេត្តកំពង់ស្ពឺ​ផងដែរ​។

ចាប់តាំងពី​ឆ្នាំ​២០០៦ មកទល់នឹង​បច្ចុប្ប​ន្ន ​មជ្ឈមណ្ឌល​ជាតិ រៀបចំ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ នាយ​ទាហាន នាយទាហានរង និង​ពលទាហាន បាន​ចំនួន​ជាង​១​ម៉ឺន​នាក់​រួចហើយ​ ដែល​មាន​ការ​សហការ ជាមួយ​ប្រទេស​ជា​មិត្ត ដូចជា​ប្រទេស​ជប៉ុន​ បារាំង ​ចិន ​អាមេរិក និង​បណ្តា​ប្រទេស​មួយចំនួនទៀត​៕