SHARE

បាល់ទាត់៖ ​កីឡដ្ឋាន​ថ្មី​សន្លាង​របស់​ក្លឹប​អេ​ស្ប៉ា​ញ Atletico Madrid ហៅថា Metropolitano នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​ក្រោយ នេះ​បើ​តាម​ការប្រកាស​របស់​ប្រធាន UEFA លោក Aleksander Ceferin ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA ពាក់កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​។

កីឡដ្ឋាន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid មួយ​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ដំបូង​គេ នៅ​ចំពោះ​មុខ​បេក្ខភាព​មួយទៀត​គឺ​កីឡដ្ឋាន Baku Olympic Stadium ទីក្រុង Baku ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។ ​Atletico Madrid ថ្មីៗ​នេះ​ទើបតែ​សម្ពោធ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ពេញ​ថា Wanda Metropolitano ផ្ទុក​ទស្សនិកជន​បាន ៦៧៥០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​នៅ​ពេល​យកឈ្នះ Malaga ១-០ ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។ ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរក៏​មាន​ការ​លើក​ឡើង​ពី​បញ្ហា​របស់​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែល​មាន​ការ​ពន្យារពេល​សាង​សង់​កីឡដ្ឋាន​ថ្មី​សំរាប់​ទទួល​ការប្រកួត Euro 2020​។

​​Brussels ជាទី​ក្រុង​មួយ​ក្នុង​ចំណោម ១៣​ជុំវិញ​អឺរ៉ុប​ដែល​នឹង​ទទួល​ការប្រកួត Euro 2020 ពោល​គឺ​នឹង​ទទួល​ការ​ប្រកួត​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល និង​វគ្គ ១៦​ក្រុម​ចុងក្រោយ​។ ​UEFA បាន​បញ្ជាក់​ថា ប្រសិនបើ Brussels មិន​អាច​ទៅ​រួច ក៏​នឹង​មាន​ទីក្រុង​ចាំ​ចូលខ្លួន​ជំនួស​ដែរ​គឺ Cardiff ប្រទេស​វែ​ល រឺក៏ Stockholm ប្រទេស​ស៊ុយអែត​ជាដើម​៕