SHARE

បាល់ទាត់៖ ការប្រកួតបាល់ទាត់យុវជនពានរង្វាន់ U-14 GFA SoriyaIntertional Tournament 2017 បានរៀបចំជាថ្មីទៀតហើយ ក្រោមកិច្ចសហការរៀបចំរវាងមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ជប៉ុន Asia Center Japan Foundation និងក្រុម GFA Soriya ដែលធ្វើឡើងនៅលើទីលាន V & Y Soccer Club កាលពីថ្ងៃទី២៧ ខែសីហាម្សិលមិញ។

លោក Yuki Hamada នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ជប៉ុនប្រចាំកម្ពុជាបានប្រាប់ថា ការបន្តឧបត្ថម្ភរៀបចំពានរង្វាន់លក្ខណៈអន្តរជាតិនេះ ដើម្បីរឹតចំណងមិត្តភាពក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ និងវិស័យកីឡាបាល់ទាត់ឲ្យក្មេងៗចាប់អារម្មណ៍ ហើយចូលរួមលេងទាំងអស់គ្នា។ ប៉ុន្តែអ្វីដែលពិសេសបំផុតលោកក៏សង្ឃឹមថា ពាននេះនឹងរួមចំណែកផ្ដល់ឱកាសឲ្យយុវជនចូលរួមកីឡា ដើម្បីដុះខាត់សមត្ថភាពឆ្ពោះទៅកីឡាករអាជីពនាពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ពានរង្វាន់ U-14 GFA SoriyaIntertional Tournament 2017 គឺមាន ៨ក្រុមមកពី ៣ប្រទេសកម្ពុជា ជប៉ុន និងសិង្ហបុរីចូលរួមគឺមានក្រុមយុវជនក្លឹបព្រះខ័នរាជស្វាយរៀង, Two Lions FC, ឆ្លាមសមុទ្រ, Olympic Academy, U-14 FFC Phnom Penh Football Academy, U-14 GFA Soriya, U-14 GFA Singapore A និងក្រុមយុវជន U-14 GFA Singapore B។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតពេញមួយថ្ងៃ ជើងឯកបានទៅក្រុម U-14 GFA Singapore A និងលេខ២ បានទៅក្រុម U-14 FFC Phnom Penh Football Academy និងលេខ៣ បានទៅក្រុម U-14 GFA Singapore B៕