SHARE

សូហ្វតេន្នីស៖ កីឡាការិនី រិន សុធារី ដែលទើបតែឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Korea Cup International Soft Tennis Tournament 2017 កម្រិត២ នៅសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងឲ្យក្រុមកីឡាការិនីសូហ្វតេន្នីសកម្ពុជាប្រកួតលើវិញ្ញាសាជាក្រុម ៦នាក់។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងពិធីអបអរសាទរសូហ្វតេន្នីសកម្ពុជា ដណ្ដើមបានមេដាយប្រាក់កាលពីចុងសប្ដាហ៍កន្លងទៅនេះ កញ្ញាបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើក្រុមកីឡាការិនីសូហ្វតេន្នីសកម្ពុជាឈ្នះបានត្រឹមតែមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីមកពីប្រទេសហ្វីលីពីនវគ្គផ្ដាច់ព្រ័ត្រ បណ្ដាលមកពីទីលានដីដែលពួកនាងមិនធ្លាប់មានពិសោធន៍ការប្រកួតលើទីលានបែបនោះពីមុនមកទេ។ នាងបានប្រាប់ឲ្យដឹងទៀតថា នេះជាបទពិសោធន៍លើកទីមួយហើយ សម្រាប់កីឡាការិនីសូហ្វតេន្នីសកម្ពុជាដែលធ្វើការប្រកួតនៅលើទីលានដីបែបនេះ ហើយវាគឺជាឧបសគ្គសម្រាប់ខ្លួនព្រោះទីលានដីមានភាពរអិលខ្លាំង ហើយកន្លងមកពួកនាងមិនធ្លាប់ហ្វឹកហាត់នៅលើទីលានបែបនេះទេ។

ទោះជាយ៉ាងណាកីឡាការិនីរូបនេះបញ្ជាក់ថា នាងនឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតនៅលើទីលានដី ដើម្បីទទួលបទពិសោធន៍ត្រៀមប្រកួតប្រជែងដណ្ដើមយកមេដាយមកជូនកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Korea Cup International Soft Tennis Tournament 2017 កម្រិត២ នៅសាធារណរដ្ឋកូរ៉េ ដែលកីឡាការិនីសូហ្វតេន្នីសកម្ពុជាឈ្នះមេដាយប្រាក់នោះមាន ១១ប្រទេសចូលរួម។ មុនឈានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែលចាញ់ប្រទេសហ្វីលីពីន ក្រុមនារីកម្ពុជាបានយកឈ្នះថៃ, ឈ្នះឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលទ្ធផលកម្ពុជាទទួលបានមេដាយប្រាក់ ១គ្រឿង។ ហើយបន្ទាប់ពីព្រឹត្តិការណ៍នេះនៅឆ្នាំ២០១៨ ខាងមុខនេះ សហព័ន្ធបានត្រៀមបញ្ជូនកីឡាករកីឡាការិនីសូហ្វតេន្នីសកម្ពុជា ទៅបន្តការហ្វឹកហាត់បន្ថែមនៅប្រទេសជប៉ុន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games ២០១៨ ដែលមានប្រទេសចូលរួមចំនួន ៤៥ប្រទេស៕