SHARE

ភ្នំពេញ៖ បន្ទាប់ពី​ជំនួប​ប្រជុំ​ផ្លូវការ​កាលពី​ព្រឹក​មិញ​នៅ​វិមាន​សន្តិភាព​រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេចកិ​ត្ត​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ទ្ធ ច័ន្ទ​អូ​ឆា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​សួនច្បារ​មិត្តភាព កម្ពុជា​-​ថៃ នៅ​ទីក្រុង​ភ្នំពេញ​។

​សួន​មិត្តភាព កម្ពុជា​-​ថៃ មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​វត្តភ្នំ មាន​ប្រវែង​៤៥៤ ម៉ែត្រ ទទឹង​៣១​ម៉ែត្រ លាតសន្ធឹង​ពីមុខ​ស្ថានទូត​អាមេរិក មកដល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់ វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។ សួន​នេះ​ កើតមានឡើង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង មក​ម្លេះ ប៉ុន្តែ ​មិនទាន់​មានឈ្មោះ​នៅឡើយ ហើយ​ត្រូវ​បាន​ជួសជុល​កែលំអ​ជា​បន្តបន្ទាប់​។

លុះ​ក្រោយ មក​នៅ​ឆ្នាំ​២០១៧​នេះ ផ្តើមចេញពី​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​ល្អ ទើប​ក្រុមហ៊ុន ណុង​នូ​ច ប៉ា​តា​យ៉ា ហ្គា​ឌិន​អ៊ែន​រី​សត ស្នើរ​សុំ​កែលម្អរ និង​លើកកម្ពស់​សួន​នេះ​បន្ថែម​ទៀត​។ សួន​មិត្តភាព កម្ពុជា​-​ថៃ នេះ បានកើត​ចេញពី​មនុញ្ញផល​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា និង​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លែផ្កា និង​មិត្តភាព​យូរអង្វែង​នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​-​ថៃ ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​តែមួយ ក្នុង​ន័យ​រឹតចំណង​មិត្តភាព សាមគ្គីភាព អោយ​កាន់តែ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។

​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ អញ្ជើញ​ទាញ​ខ្សែបូ​សម្ពោធ​សួន​មិត្តភាព កម្ពុជា​-​ថៃ ហើយ​នោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​ទាំង​នាយករដ្ឋមន្ត្រី​ថៃ និង​លោកជំទាវ អញ្ជើញ​ជា​និ មិ្ម​ត​រូប​ដាំ​ឈើ (​ធ្នង់​)​ម្នាក់​១​ដើម​ទុកជា​អនុស្សាវរីយ៍ និង​ជា​ចំណងមិត្តភាព​ដ៏​រឹងមាំ​បន្ថែម​ទៀត​រវាង​ប្រទេស កម្ពុជា និង​ប្រទេស​ថៃ​៕​